សារពីប្រធានក្រុមប្រឹក្សាភិបាល

ស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជានៅតែមានការកើនឡើង ទោះជាមានការថយចុះនៃតម្រូវការសកល និងការថយចុះនៃវិស័យអចលនទ្រព្យ។ កំណើនសេដ្ឋកិច្ចកម្ពុជា មានអត្រាទាបជាងការប៉ាន់ប្រមាណពីមុន ពី៥,៥% មកត្រឹម៥,៣% ដែលបណ្តាលមកពីការថយចុះនៃវិស័យឧស្សាហកម្មនាពាក់កណ្តាលឆ្នាំដំបូង យោងទៅតាមរបាយការណ៍បច្ចុប្បន្នភាពផ្តល់ដោយធនាគារអភិវឌ្ឍន៍អាស៊ី។ ធនាគារជាតិនៃកម្ពុជា បានប៉ាន់ប្រមាណត្រឹមអត្រា ៥,៥% នាឆ្នាំ២០២៣ តាមរយៈការស្តារឡើងវិញនៃទេសចរបរទេស​ វិស័យកសិកម្ម វិស័យសំណង់ និងវិស័យកាត់ដេរ។

គុណភាពឥណទានធ្លាក់ចុះគួរកត់សម្គាល់ ដែលបញ្ហានេះបណ្តាលមកពីសេដ្ឋកិច្ចសកលធ្លាក់ចុះ។ អតិថិជនមួយចំនួនបានបាត់បង់ការងារ និងបាត់ចំណូល ដោយសារស្ថានភាពសេដ្ឋកិច្ចហើយអតិថិជនមួយចំនួនមានការពិបាកក្នុងការសងត្រលប់ឥណទាន។ នាកំឡុងពេលនេះ យើងបានបន្តផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ យើងបានផ្តល់ជម្រើសសម្រាប់អតិថិជនក្នុងការសងត្រលប់ឥណទាន ដែលអាចជួយអតិថិជនឆ្លងកាត់ការលំបាក។

នាខែបំណាច់ខែធ្នូឆ្នាំ២០២៣ គ្រឹះស្ថានបានបម្រើអតិថិជនចំនួន ១១.២៨៥នាក់។ បុគ្គលិករបស់យើងនៅតែបន្តផ្តល់គំនិតច្នៃប្រឌិត ការទទួលខុសត្រូវ និងការផ្តល់សេវាឥណទានប្រកបដោយភាពរាក់ទាក់ ជាពិសេសជាមួយអតិថិជនដែលនៅទីជនបទ និងប្រជាជនដែលមានចំណូលទាប និងតែងប្រកាន់ខ្ជាប់គោលការណ៍គាំពារអតិថិជនជាមូលដ្ឋាន។

សេដ្ឋកិច្ចសកលនឹងមានការធ្លាក់ចុះ និងមានភាពមិនប្រាកដប្រជាសម្រាប់ឆ្នាំ២០២៤។ គណៈគ្រប់គ្រងគ្រឹះស្ថាននឹងបន្តការខិតខំពង្រឹងការត្រួតពិនិត្យផ្ទៃក្នុង និងរក្សាគុណភាពឥណទាន និងពង្រឹងយុទ្ធសាស្រ្តអភិវឌ្ឍផលិតផល បណ្តាញផលិតផល តម្លៃ និងសេវាកម្មនានាតាមរយៈគំនិតច្នៃប្រឌិតថ្មីនៃការងារទំនួលខុសត្រូវសង្គម និងការផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ យើងបានកំណត់អាទិភាពនៃការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក និងការពង្រឹងក៏ដូចជាទាក់ទាញនូវបុគ្គលិកដែលមានសមត្ថភាព និងការអភិវឌ្ឍន៍បន្ថែមលើប្រព័ន្ធ និងដំណើរការ។ ក្រុមប្រឹក្សាភិបាលតែងតែផ្តល់ការគាំទ្រ និងតែងតែយកចិត្តទុកដាក់អនុវត្តនូវបទប្បញ្ញត្តិសំខាន់ៗ ដោយផ្តល់នូវការណែនាំ និងអនុសាសន៍ច្បាស់លាស់ ដើម្បីធានានូវការអនុវត្តមុខងារយ៉ាងពេញលេញនិងអភិបាលកិច្ចសម្រាប់គ្រឹះស្ថាន។

ខ្ញុំសុំយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ដែលនាពេលកន្លងមកបានការពារផលប្រយោជន៍ និងបានផ្តល់អនុសាសន៍ស្របតាមបេសកកម្ម និងទស្សនៈវិស័យរបស់គ្រឹះស្ថាន។ ខ្ញុំក៏សូមថ្លែងអំណរគុណជាពិសេសផងដែរចំពោះដៃគូរសហការទាំងអស់ និងម្ចាស់ភាគហ៊ុន ដែលតែងតែផ្តល់នូវទំនុកចិត្ត ក្នុងការធ្វើឲ្យសម្រេចបាននូវគោលដៅរបស់យើង និងសូមថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រង ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការធ្វើឲ្យសម្រេចបាននូវគោលដៅរយៈពេលវែងរបស់យើង ហើយក៏សូមថ្លែងអំណរគុណចំពោះបុគ្គលិកគ្រប់ជាន់ថ្នាក់ ចំពោះការខិតខំប្រឹងប្រែង ការចូលរួម និងបន្តលើកតម្កើងតម្លៃស្នូលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល ខ្ញុំសូមបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្ញុំក្នុងការបន្តដឹកនាំឲ្យល្អបំផុតផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ ដើម្បីសម្រេចបាននូវបេសកកម្ម និងទស្សនៈវិស័យរបស់ម៉ាក់ស៊ីម៉ា ឆ្ពោះទៅរកការសម្រេចឱ្យបាន ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេ។

លោក អន​ ប៊ុនហាក់

ជាប្រធានក្រុមប្រឹក្សាភិបាល